យើងតែងតែមិនអាចបែងចែកច្បាស់បានរវាងស្នេហាពិត និងក្លែងក្លាយ ចុះធ្វើដូចម្តេចទៅទើបអាចពិសោធន៍ចិត្តស្មោះរបស់គេបាន។ តែមានទង្វើតូចៗជាច្រើនដែលអាចបញ្ជាក់ពីក្តីស្រលាញ់នេះបាន កុំយល់ថាវាជាទង្វើតូចតាចឱ្យសោះ តាមពិតទង្វើទាំងនេះ គឺកើតឡើងចេញពីភាពសុខចិត្តសុខកាយទៅធ្វើដើម្បីអ្នក។
១. គេសុខចិត្តសុខកាយ ទៅមើលថែអ្នកជាពិសេស
មនុស្សដែលស្រលាញ់អ្នកពិត គឺគេនឹងការពារមើលថែអ្នកណាស់ យកអ្នកឱបជាប់ក្នុងដៃខ្លាចអ្នករបូតបាត់ អាចនិយាយបានថា បើអាចលេបអ្នកទុកបានក៏ព្រមដែរ។ រាល់ពេលដែលអ្នកមិនសប្បាយចិត្ត ឬមានកង្វល់ក្នុងចិត្តបន្តិចបន្តួច គេអាចមើលដឹងភ្លាម ម្យ៉ាងទៀត នឹងផ្តល់ការយកចិត្តទុកដាក់ និងការមើលថែដល់អ្នកទាន់ពេលទៀតផង។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ មិនអាចនិយាយឱ្យផុតពីមាត់ឡើយ គេនឹងបង្ហាញនៅក្នុងសកម្មភាពជាក់ស្តែងឱ្យអ្នកឃើញតែម្ដង។
២. គេនឹងសុខចិត្តសុខកាយ ផ្តល់ភាពស្កប់ស្កល់ដល់អ្នកជាពិសេស
ដោយសារតែត្រូវការអ្នក ទើបមកស្រលាញ់អ្នក នេះគឺជាក្តីស្រលាញ់បែបកូនក្មេង។ តែដោយសារតែស្រលាញ់អ្នក ដូច្នេះត្រូវការអ្នក នេះគឺជាក្តីស្រលាញ់បែបចាស់ទុំ។ និយាយឱ្យអស់សេចក្តីទៅ ក្តីស្រលាញ់គឺជាការលះបង់ បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នក ដូច្នេះពេលដែលអ្នកត្រូវការគេ ឱ្យតែគេអាចធ្វើបាន គេប្រាកដជាបំពេញឱ្យអ្នកដោយពេញបរិបូរណ៍ ដោយគ្មានភាពរុញរាឡើយ។
៣. គេនឹងសុខចិត្តសុខកាយ គាំទ្រដល់អ្នកជាពិសេស
សង្គមនាពេលបច្ចុប្បន្ន មនុស្សស្រីរឹតតែត្រូវរឹងមាំ ទោះជាបានរៀបការហើយក្តី ក៏មានមនុស្សស្រីមួយចំនួនធំ អាចបង្កើតមុខរបរមួយដោយខ្លួនឯងបានដែរ។ មនុស្សប្រុសម្នាក់បើស្រលាញ់អ្នកពិតនោះ គឺមិនអាចយកគំនិតរបស់ខ្លួនទៅគាប់សង្កត់អ្នកឡើយ តែគេនឹងទទួលស្គាល់អ្នក ជួយជ្រោមជ្រែងដល់អ្នក គាំទ្រអ្នក ជាស្លាបដ៏រឹងមាំសម្រាប់ការពារព្យុះភ្លៀងឱ្យអ្នក៕
អត្ថបទ ៖ Mythical Bird / Knongsrok