មនុស្សប្រុសឈានដល់វ័យកណ្តាល ហេតុអ្វីកាន់តែរាយមាយ? ការដែលចូលចិត្តភាពស្រស់ស្អាតគ្មានអ្វីខុសឡើយ គ្រាន់តែការចូលចិត្តនោះសមហេតុផលដែរឬទេ? នៅក្នុងសង្គមបច្ចុប្បន្នមានមនុស្សមួយប្រភេទបែបនេះ រួមរស់ជាមួយប្រពន្ធរបស់ខ្លួនអស់ពាក់កណ្តាលជីវិតហើយ ប៉ុន្តែពេលឈានដល់វ័យកណ្តាល បែរជាកើតមានចិត្តរាយមាយចង់បានថ្មីទៅវិញ ហើយក៏មានមនុស្សមួយចំនួនមានប្រតិកម្មមិនចូលចិត្តចំពោះទង្វើរបស់ពួកគេនេះដែរ ចុះកត្តាអ្វីបណ្តាលទៅជាបែបនេះ?
១. ខ្លួនដល់វ័យកណ្តាល ហើយប្រពន្ធក៏ដល់វ័យកណ្តាលដូចគ្នា រូបសម្រស់ដែលគន់មើលរាល់ថ្ងៃមានភាពស៊ាំ និងនឿយណាយហើយ ពីព្រោះរស់នៅជាមួយគ្នាជាង១០ឆ្នាំទៅហើយ ទម្លាប់ មុខមាត់ និងរូបរាងបែបនេះ គ្មានអ្វីប្លែក ក្តីស្រលាញ់ក៏មិនសូវមានដូចមុន ព្រោះរួមរស់នៅជាមួយគ្នាយូរៗទៅមានអារម្មណ៍ថាដូចជាសាច់ញាតិ។
២. ទម្លាប់ និងជីវភាពរស់នៅដដែលៗរបស់ខ្លួនយល់ថាគ្មានន័យអ្វីសោះ ចង់រករបស់ថ្មីខ្លះមកកំដរអារម្មណ៍។ មិនថាជាការងារ គ្រួសារ មិត្តភក្តិ ឬមនុស្សខ្លួនស្រលាញ់ឡើយ ឱ្យតែទំនាក់ទំនងមានពេលវេលាយូរ នោះពិបាកគេចផុតពីការមានអារម្មណ៍ច្រំដែលៗ យល់ថាគ្មានន័យអ្វីសោះ ប្រហែលជាក្នុងខណៈពេលនោះខួរក្បាលចេះតែចង់គិតរករបស់អ្វីដែលថ្មី។
៣. រឿងដែលត្រូវខ្វល់ខ្វាយលែងច្រើនទៀតហើយ ក៏មានកម្លាំងស្មារតីគ្រប់គ្រាន់ទៅគិតរឿងផ្សេង។ ពេលដែលអាយុកាន់តែច្រើន កូនប្រុសស្រីបានបញ្ចប់ការសិក្សា ឬបានរៀបមង្គលអស់ និង ប្រកបមុខរបររៀងខ្លួន គ្មានអ្វីត្រូវមកបារម្ភពិបាកចិត្តអ្វីទៀតឡើយ ចំណែកស្មារតី និងកម្លាំងក៏នៅមានគ្រាន់បើ ដូច្នេះនៅក្នុងចិត្តក៏យល់ថាចង់រករបស់ថ្មីមកបំពេញតម្រូវការរបស់ខ្លួន។
៤. ប្រពន្ធដែលឃើញរាល់ថ្ងៃគ្មានអ្វីប្លែកសោះ គ្មានការតុបតែងខ្លួនអ្វីឡើយ ញុំាងឱ្យរូបគេមានការធុញទ្រាន់ ពេលចេញក្រៅទៅណាមកណាឃើញនារីដទៃស្អាតជាងប្រពន្ធរបស់ខ្លួន ក្នុងចិត្តគិតថាខ្លួនមានប្រាក់ មានទាំងកម្លាំងហេតុអ្វីទ្រាំនៅជាមួយមនុស្សស្រីគ្មានរូបសម្រស់បែបនេះ។
សូមផ្តាំទៅនារីៗគ្រប់រូប ត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើន កុំបណ្តោយឱ្យរូបសម្រស់របស់ខ្លួនដើរទៅតាមពេលវេលាឱ្យសោះ។ ពេលនៅក្មេងយើងខិតខំតស៊ូជាមួយគេ ខិតខំត្បិតត្បៀត សន្សំសំចៃដើម្បីគេ បង្កើតកូនឱ្យគេ បង្កើតមុខរបរ និងគ្រួសារដ៏មានសុភមង្គលដើម្បីគេ តែពេលដែលមានអ្វីៗគ្រប់យ៉ាងហើយនោះ គេបែរជាធុញទ្រាន់ថាយើងមិនស្អាត កាន់តែចេះកាន់តែបាក់សម្រស់ ដូច្នេះ កុំបណ្តោយខ្លួនឯងតទៅទៀត៕
អត្ថបទ ៖ Mythical Bird / Knongsrok