ប្តីប្រពន្ធមួយគូ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។
១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លារនៅក្នុងធនាគារ។ ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។
ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។
នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង បុរសជាប្តីបានរៀបការជាមួយនារីជំនួយការហាងរបស់គាត់។ ប្រពន្ធថ្មីម្នាក់នេះ តែងប្រាប់អ្នកជិតខាង ដោយស្នាមញញឹមរីករាយថា " អរគុណថៅកែស្រី ដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន " ។
#ដំបូន្មានសំរាប់មនុស្សស្រី៖
១. ថែរក្សាសុខភាពរបស់អ្នក ដោយការធ្វើលំហាត់ប្រាណ និងទទួលទានអាហារដែលមានជីវជាតិល្អ
២. ថែរក្សារូបរាងកាយអ្នកឱ្យនៅក្មេង
៣. ស្លៀកសម្លៀកបំពាក់សមរម្យ
៤. ប្រើរបស់ល្អ តាមលទ្ធភាព
៥. ចេញទៅដើរលេងជាមួយគ្រួសារអោយបាន ២ ៣ដងក្នុងមួយឆ្នាំ
៦. បង្កើតមិត្ត ជាមួយមនុស្សល្អអោយច្រើន
៧. ផ្តល់អំណោយសប្បុរសធម៌
៨. ត្រូវចេះស្វែងរកចំណេះដឹងថ្មីៗ
សន្សំសំចៃគឺល្អ តែត្រូវប្រើលុយរបស់អ្នកអោយបានត្រឹមត្រូវ ដោយមានគោលដៅច្បាស់លាស់ និងមិនហួសប្រមាណ។
តែបើអ្នកមិនចេះប្រើលុយអោយជីវិតបានរីករាយខ្លះទេ ពេលស្លាប់ទៅអ្នកដទៃនឹងរីករាយជំនួសអ្នក៕
#ប្រែសំរួលពីអត្ថបទបរទេស #វរលក្ខណ៍
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក