តើស្នេហា ការស្រឡាញ់សម្រាប់អ្នក មានអត្ថន័យបែបណា? តើអ្នកអាចកំណត់ ឬចាក់គ្រឹះស្នេហារបស់អ្នកឱ្យរឹងមាំគ្រប់គ្រាន់បានទេ? តើស្នេហាដែលអ្នកមានរាល់ថ្ងៃ មានភាពចាស់ទុំគ្រប់គ្រាន់ហើយឬនៅ?
ខាងក្រោមនេះ គឺជាចំណុចគោលទាំង៧ ដែលអាចជួយឱ្យអ្នកមានស្នេហាមួយដែលរឹងមាំ និងមានភាពចាស់ទុំ សមល្មមនឹងអាចជួយថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកបានហើយ បើអាចធ្វើបាន ធានាថា ស្នេហារបស់អ្នក នឹងអាចចៀសផុតពីបញ្ហាឈ្លោះទាស់ ហើយការស្រឡាញ់ គឺមានតែភាពមេត្តា អធ្យាស្រ័យ ជាក្ដីស្រឡាញ់ ដែលពោរពេញទៅដោយសុភមង្គលរួមគ្នា។
១. ស្រឡាញ់គ្នាបែបស្ងប់ស្ងាត់!
មនុស្សពីរនាក់ស្រឡាញ់គ្នា វាមិនចាំបាច់អីដែលថាត្រូវតែបង្ហាញឱ្យអ្នកដទៃបានដឹង ចង់បានការចាប់អារម្មណ៍ ច្រណែន ឬស្ញើចសរសើរពីអ្នកណានោះឡើយ មិនថា ទំនាក់ទំនងរបស់អ្នកទាំងពីរ កំពុងតែស្ថិតក្នុងបញ្ហា ជម្លោះ ឬផ្អែមល្ហែមដូចទឹកឃ្មុំខែចេត្រក៏ដោយ សូមចាំថា ការឈ្លោះប្រកែក ភាពផ្អែមល្ហែម ត្រូវតែរក្សាក្នុងភាពស្ងប់ស្ងាត់ ដឹងឮតែអ្នកទាំងពីរទៅបានហើយ។
ទោះឈ្លោះគ្នា ក៏ដោះស្រាយតែពីរនាក់ ទោះផ្អែមល្ហែមដាក់គ្នា ក៏សប្បាយរីករាយតែពីរនាក់ សកម្មភាពបែបធម្មតា សាមញ្ញ ទើបអាចរក្សាក្ដីស្រឡាញ់ និងសេចក្ដីស្នេហារបស់អ្នកទាំងពីរបានយូរអង្វែង។ ត្រូវចាំថា ផ្អែមល្ហែមប៉ុនណាក៏នៅតែមានពេលឈ្លោះទាស់ទែងគ្នា ឈ្លោះទាស់ទែងយ៉ាងណា ក៏ចុងក្រោយ នៅតែជាគូស្នេហ៍ ឬប្ដីប្រពន្ធ រួមដំណេកតែមួយជាមួយគ្នា។
ហើយសូមកុំភ្លេចថា ស្នេហាខ្លះ កាន់តែផ្អែម គឺកាន់តែល្វីងជូរចត់ ធាតុពិតមិនដូចជាអ្វីដែលសម្ដែងចេញមក ដើម្បីបង្អួតអ្នកដទៃនោះឡើយ។ ស្នេហា មិនបាច់ផ្អែមល្ហែមពេកទេ ក៏មិនត្រូវសោះកក្រោះពេកដែរ ផ្អែមពេកក៏ងាយបែក សោះកក្រោះពេក ក៏ពិបាករស់នៅជាមួយគ្នា។
២. ស្រឡាញ់គ្នាបែបថ្លៃថ្នូរ!
ក្ដីស្រឡាញ់បែបថ្លៃថ្នូរ គឺត្រូវតែចេះយល់ពីគ្នា កុំពូកែតែងក់ងរ រករឿង ឈ្លោះទាស់ទែងគ្នា មិនត្រូវប្រចណ្ឌផ្ដេសផ្ដាស រករឿងគ្មានមូលហេតុនោះឡើយ សំខាន់ ត្រូវចេះគោរព ឱ្យតម្លៃគ្នា ធំៗអស់ហើយ ចរិតឱ្យថ្លៃថ្នូរ។ ការឈ្លោះទាស់ រករឿង ប្រចណ្ឌគ្មានមូលហេតុ ចរិតបែបនេះ វានឹងធ្វើឱ្យស្នេហារបស់អ្នកបាត់បង់សេចក្ដីថ្លៃថ្នូរ គេឯងមើលមក ក៏ទាស់ភ្នែកផងដែរ។
៣. ស្រឡាញ់គ្នាឱ្យបែបនឹងន!
ជាក្ដីស្រឡាញ់ដែលស្មោះត្រង់ចំពោះគ្នា ទោះបីមានអ្នកផ្សេងមកឈរចំពោះមុខ ទោះបីមានអ្នកណាស្អាត ឆ្លាត ឬមានជាងដៃគូក៏ដោយ សុទ្ធតែមិនអាចមកកែប្រែ ផ្លាស់ប្ដូរចិត្តពួកយើងបានឡើយ គឺចិត្តនឹងន ស្មោះសរ ស្រឡាញ់តែម្នាក់ ហើយក៏មានតែម្នាក់ដែលល្អ ស្អាត ឆ្លាតជាងគេសម្រាប់យើង។
មនុស្សដែលមានចិត្តគំនិតចាស់ទុំ នៅពេលដែលមានស្នេហា ឬសម្រេចចិត្តចាប់ផ្ដើមទាក់ទងគ្នាហើយនោះ គេមិនរេរាចិត្តផ្ដេសផ្ដាស ផ្លាស់ប្ដូរដៃគូពីមួយទៅមួយ ធ្វើដូចកូនក្មេងនោះឡើយ។
៤. ស្រឡាញ់បែបច្បាស់លាស់!
មិនខ្វល់ថា អតីតកាលរបស់ដៃគូបែបណាទេ គឺនៅតែអាចទទួលយកបានគ្រប់បែបយ៉ាង ហើយក៏មិនរំឭក ជីកកកាយរឿងកាលពីមុននាំឈឺចិត្តទាំងពីរនាក់នោះដែរ ... សំខាន់កសាងបច្ចុប្បជាមួយគ្នាឱ្យបានល្អ និងឈានរកអនាគតដ៏មានន័យជាមួយនឹងគ្នា។ ភាពច្បាស់លាស់ គេមិនខ្វល់ពីអតីតកាលនោះឡើយ សំខាន់ អាចចាប់ផ្ដើមបច្ចុប្បន្ននឹងគ្នា ចេះស្រឡាញ់ មើលថែ ការពារគ្នា ដើម្បីអនាគតរួមគ្នាដ៏ល្អប្រសើរ។
៥. ស្រឡាញ់ត្រូវចេះយល់ចិត្ត ដឹងទុក្ខធុរៈគ្នា !
មនុស្សពីរនាក់ស្រឡាញ់គ្នា គឺត្រូវខ្វាយខ្វល់ចំពោះជីវិតទាំងពីរនាក់ មិនមែនស្រឡាញ់គិតតែរឿងឈ្លោះទាស់ ប្រចណ្ឌមុខក្រោយ ហើយគិតតែរឿងលើគ្រែនោះទេ ... ស្រឡាញ់ គឺត្រូវដឹងពីទុក្ខធុរៈ ការលំបាករបស់ដៃគូ ចេះជួយគ្នាទៅវិញទៅមក ចេះសម្រាលបន្ទុករបស់គ្នា ម្នាក់ខំ ម្នាក់ទៀតត្រូវប្រឹង ម្នាក់រឹងប៉ឹង ម្នាក់ទៀតត្រូវមាំមួន .. គ្មានអ្នកណាមើលថែការពារ រ៉ាប់រងបន្ទុក រែកពន់ជំនួសអ្នកណាទេ គឺអ្នកទាំងពីរ ត្រូវតែចេះស្រឡាញ់ មើលថែ ការពារគ្នា រ៉ាប់រងបន្ទុកគ្រួសារជាមួយគ្នា រែកពន់ទំនួលខុសត្រូវនៅក្នុងរឿងស្នេហារួមគ្នា។
៦. ស្រឡាញ់គ្នាបែបទុកចិត្ត
មនុស្សពីរនាក់ស្រឡាញ់គ្នា ក៏មិនមែនមានន័យថា ជារឿងរបស់មនុស្សតែពីរនាក់នោះដែរ អ្នកត្រូវដឹងថា មានមនុស្សច្រើនណាស់ ដែលចង់ដឹងចង់ឮ ហើយក៏មិនខ្វះអ្នកចាំចាក់រុកឆ្លឹះឆ្កៀលទំនាក់ទំនងរបស់អ្នកដែរ កុំថាឡើយអ្នកដទៃ សូម្បីតែបងប្អូនខ្លះរបស់យើងហ្នឹង ក៏ចាំមើលបំណាំ ចាំផ្លុំត្រចៀកដែរ ដូច្នេះ បើអ្នកមិនចេះជឿជាក់ ទុកចិត្ត លើដៃគូរបស់ខ្លួនឯងទេ ទោះអ្នកមានស្នេហាប៉ុន្មានដង ក៏នៅតែបែកបាក់ដែរ។ កុំចិត្តស្រាល កុំត្រចៀកស កុំឱ្យនរណាមកផ្លុំបំប៉ោង បំបែកបំបាក់ទំនាក់ទំនងរបស់អ្នកបានឱ្យសោះ។
៧. ស្រឡាញ់ត្រូវមានពេលវេលាឱ្យគ្នា
មនុស្សធំៗអស់ហើយ គឺសុទ្ធតែមានការងារ មមាញឹកក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួន ត្រូវធ្វើការរកលុយ ដើម្បីជម្រុញ និងផ្គត់ផ្គង់ជីវិតភាពរួមគ្នា ដូច្នេះហើយ កុំចេះតែទាមទារ ចង់ឱ្យដៃគូមកកំដរ មើលថែ យកពេលដើម្បីតែយើងម្នាក់ឱ្យសោះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រៅពីទំនេរពីកិច្ចការងារ ឬបើអាច ក៏ត្រូវតែចេះ ឆ្លៀតពេលដើម្បីមនុស្សដែលយើងស្រឡាញ់ បង្កើតនូវអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន។
ភាពចាស់ទុំ ការដឹងក្ដី អ្វីដែលសំខាន់ជាងស្នេហា គឺការងារ ព្រោះការងារ ការរកស៊ីមានគ្រឹះរឹងមាំ ទើបអាចក្លាយជាសសរគាំទ្រដល់ស្នេហារបស់អ្នក។ គេធ្វើការងារគេ យើងធ្វើការងារយើង កុំដាក់សម្ពាធលើដៃគូ ព្រោះម្នាក់ៗ គឺសុទ្ធតែលំបាក ហត់នឿយក្នុងជីវិតប្រចាំថ្ងៃ ដូច្នេះ កុំឱ្យហត់នឿយ ព្រោះតែរឿងស្នេហាទៀតអី។
លើសពីនេះ ទោះបីមនុស្សពីរនាក់ស្រឡាញ់គ្នាយ៉ាងណា ក៏នៅតែត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ មិនអាចនៅក្បែរ កំដរយើងគ្រប់ពេល ២៤ម៉ោងនោះឡើយ សូមទុកពេលវេលាឱ្យដៃគូបាននៅជួបជុំបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិរបស់គេផង៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក