មនុស្សស្រីដែលឆ្លាត នាងច្បាស់ជាដឹងពីវិធីសាស្ត្រ ដើម្បីថែរក្សាគ្រួសារឱ្យមានក្ដីសុខ សុភមង្គល និងមានភាពកក់ក្ដៅ។ យ៉ាងណាម៉េច មនុស្សស្រីដាច់ខាតនឹងមិននិយាយរឿងទាំងនេះទៅកាន់ដៃគូ ឬស្វាមីជាដាច់ខាត ព្រោះនាងមិនអាចធ្វើឱ្យជីវិតគូ ឬស្នេហារបស់នាង ត្រូវបែកបាក់ប្រេះឆា ដោយសារតែពាក្យសម្ដីនោះឡើយ។
១. ខ្ញុំធុញណាស់!
មួយឃ្លាននេះ ប្រហែលជាមានមនុស្សស្រីភាគច្រើនចូលចិត្តយកមកប្រើណាស់ ជាពិសេស គឺនៅពេលដែលនាងរៀបការរួច មានគ្រួសារ នឹងត្រូវប្រឈមមុខនឹងរឿងគ្រប់យ៉ាង ការងារគ្រប់សព្វ ដូច្នេះ អាចនឹងឱ្យនាងធុញថប់ ហត់នឿយ នាងនឹងនិយាយនូវពាក្យមួយចំនួនទៅតាមតែអារម្មណ៍មួយឆាវ ដោយមិនបានគិតវែងឆ្ងាយ ឬខ្វល់ខ្វាយដល់អារម្មណ៍របស់អ្នកស្ដាប់នោះឡើយ។
ដូច្នេះមនុស្សស្រីត្រូវដឹងថា ប្រយោគមួយឃ្លាននេះ ប្រសិនបើអ្នកតែងតែនិយាយទៅកាន់ដៃគូរបស់អ្នក វាបង្ហាញថា អ្នកពិតជាធុញទ្រាន់នឹងគាត់ ហើយវាក៏ជាការប់កឱកាសឱ្យគាត់ទៅរកអ្នកដទៃដើម្បីចែករំលែកអារម្មណ៍របស់គាត់ជាមិនខាន ព្រោះអ្នកមិនអាចស្ដាប់គាត់បាន អ្នកតែងតែធុញទ្រាន់ ដូច្នេះ គាត់ប្រាកដជាមិនហ៊ាននឹងចែករំលែកបញ្ហា ឬក៏អារម្មណ៍ជាមួយនឹងអ្នកនោះឡើយ។
ប្រហែលជាមានមនុស្សជាច្រើនគិតថា ពាក្យពីរបីម៉ាត់នេះវាមិនបង្កអន្តរាយទេ ហើយក៏មិនមានអ្វីមិនច្បាស់លាស់ដែរ។ ប៉ុន្តែប្រសិនបើវាកើតឡើងច្រើនដង ដូចនោះទំនាក់ទំនងនឹងកាន់តែឃ្លាតឆ្ងាយ។ ភាពស្និទ្ធស្នាលរវាងបុរស និងស្ត្រីក្នុងករណីនេះ មានគ្រោះថ្នាក់ខ្លាំងណាស់។ ស្នេហា វានឹងអាចឈានដល់ពេលបញ្ចប់យ៉ាងឆាប់រហ័ស។
២. ញុះញ៉ង់ប្តីឱ្យធ្វើបាប ឬបោះបង់ឪពុកម្តាយរបស់គាត់
ការចិញ្ចឹម បីបាច់ថែរក្សា និងគោរពប្រតិបត្តិចំពោះឪពុកម្ដាយ គឺជាកាតព្វកិច្ច និងតួនាទីរបស់កូនៗគ្រប់រូប មិនថាជាកូនបង្កើត ឬជាកូនប្រសារនោះឡើយ ដូច្នេះហើយ ប្រសិនបើអ្នកបែរជាមានគំនិតញុះញ៉ង់ប្ដីរបស់អ្នក ឱ្យធ្វើបាប ឬបោះបង់ឪពុកម្ដាយគាត់ចោលនោះ វាជាទង្វើអាក្រក់ និងបាបកម្មខ្លាំងបំផុត។
អ្វីដែលពិបាកបំផុតសម្រាប់បុរស គឺការរែកពន់ រវាងឪពុកម្ដាយ និងប្រពន្ធ ប្រសិនបើអ្នកឱ្យគាត់ជ្រើសរើសរវាងអ្នក និងអ្នកមានគុណ ច្បាស់ណាស់ថា គាត់មិនអាចជ្រើសរើសបានឡើយ។ ដូច្នេះមិនថាអ្នកមានអារម្មណ៍យ៉ាងណាចំពោះគ្រួសារប្តីរបស់អ្នកទេ សូមគោរពអារម្មណ៍ដែលប្តីអ្នកមានចំពោះក្រុមគ្រួសារ ជំនួសឱ្យការមើលងាយ និងនិយាយបង្កាច់បង្ខូចសមាជិកគ្រួសាររបស់គាត់។ ជាក់ស្តែង ស្ត្រីឆ្លាតនឹងមិនដែលនិយាយអាក្រក់ពីឪពុកម្តាយរបស់ដៃគូ នៅពេលឈ្លោះប្រកែកគ្នានោះឡើយ។
៣. ស្ដីបន្ទោស ឬមើលងាយថាគាត់ជាមនុស្សអាក្រក់ណាស់!
រវាងបុរស និងស្ត្រី ប្រសិនបើអ្នកបានចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងគ្នាហើយនោះ អ្នកទាំងពីរបានក្លាយជាមនុស្សតែមួយបាត់ទៅហើយ ដូច្នេះ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកមិនគួរនិយាយស្ដីបន្ទោស ឬមើលងាយគាត់ជាដាច់ខាត។
ប្រសិនបើពេលដែលអ្នកខឹង និងកំពុងតែឈ្លោះគ្នាជាមួយគាត់ សូមកុំប្រើពាក្យថា គាត់ជាមនុស្សអាក្រក់ រឹតតែមិនអាចនិយាយថា ស្ដាយក្រោយដែលជ្រើសយកគាត់ឱ្យសោះ ព្រោះការសម្រេចចិត្តនោះវាបានកន្លងហួសទៅហើយ ដូច្នេះ ត្រូវតែព្រមប្រឈមមុខ និងទទួលយកការពិត៕
អត្ថបទ ៖ Knongsrok / Knongsrok