តាមការស្រាវជ្រាវមនុស្សដែលមិនសូវមានអាយុវែង ច្រើនតែមាន ៥ ចំណុចដូចបង្ហាញខាងក្រោមនេះ ហើយប្រសិនចង់បន្ថែមអាយុកាលជីវិត ចាំបាច់អ្នកត្រូវតែផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ៖
៥) លើសខ្លាញ់ក្បាលពោះ
គ្រប់គ្នាដឹងហើយ អ្នកដែលមានជំងឺធាត់គឺមិនល្អឡើយសម្រាប់សុខភាព ហើយវាអាចបង្កទៅជាជំងឺរ៉ាំរ៉ៃជាច្រើនទៅពេលខាងមុខ។ នៅពេលមានជាតិខ្លាញ់កកកុញនៅក្នុងពោះច្រើន វាក៏នឹងដាក់បន្ទុកទៅលើសរីរាង្គដទៃទៀតផងដែរ។
ភាពធាត់នេះសោត ក៏បណ្តាលឲ្យអ្នកឆាប់អស់កម្លាំង ពិបាកក្នុងការធ្វើចលនា ក៏ដូចជាបង្កើនហានិភ័យជំងឺតម្រងនោម និងជំងឺសរសៃឈាម។
៤) គុណភាពនៃការគេងចុះខ្សោយ
មនុស្សដែលមានអាយុវែង ច្រើនតែអាចគេងបានជាប្រចាំរយៈពេល ៧ ម៉ោង ហើយមានពេលវេលាសម្រាកនៅពេលថ្ងៃចន្លោះពី ៣០ នាទី ទៅ ១ ម៉ោងផ្សេងទៀត។
ផ្ទុយទៅវិញសម្រាប់អ្នកអាយុខ្លី ច្រើនតែមានបញ្ហាគេងមិនលក់ ហើយឈឺក្បាលនៅពេលចូលគេង ដែលនេះអាចជាវិវត្តទៅរកជំងឺសរសៃប្រសាទ។ មួយផ្សេងទៀតប្រសិនអ្នករកឃើញថា អ្នកពិបាកដកដង្ហើមនៅពេលគេង នោះក៏ត្រូវប្រយ័ត្នដែរ វាអាចក្លាយជាជំងឺបេះដូង និងសួត។
៣) ភាពចាស់ជាងវ័យ
មនុស្សដែលមានភាពចាស់ជាងវ័យ វាក៏ជាសញ្ញាមួយបង្ហាញច្បាស់ៗដែរ ថាសុខភាពរបស់អ្នកមានភាពមិនប្រក្រតី។ សភាពក្រោមរង្វង់ភ្នែកឡើងពណ៌ខ្មៅ ភ្នែកអ្នកមើលមិនសូវច្បាស់ រាងឡើងព្រិល នោះក៏អាចជាសញ្ញាព្រមាននៃជំងឺឡើងជាតិស្ករក្នុងឈាម។
២) ភាពធន់ខ្សោយ
មានន័យថាប្រព័ន្ធប្រឆាំងភាពសាំរបស់អ្នកខ្សោយ ងាយនឹងនាំឲ្យកើតជំងឺ ផ្តាសាយ ឬឈឺកជាដើម។ នោះបាក់តេរីងាយនឹងចូលមកលុកលុយរាងកាយអ្នកខ្លាំងណាស់ ហើយបើអ្នកមិនព្យាយាមកែតម្រូវ តាមរយៈការទទួលទានអាហារល្អៗនោះទេ វានឹងកាន់តែយ៉ាប់យ៉ឺនទៅ។
១) កញ្ចឹងកក្រាស់
អ្នកដែលមានកញ្ចឹងកក្រាស់ ភាគច្រើនរមែងជាអ្នកមានជំងឺធាត់ ហើយពួកគេងាយប្រឈមនឹងជំងឺបេះដូងខ្លាំងបំផុត។
សរុបមកវិញ ដើម្បីកែតម្រូវបញ្ហាខាងលើ និងពង្រឹងសុខភាពឲ្យល្អប្រសើរឡើងដើម្បីមានអាយុវែង អ្នកត្រូវប្រកាន់ទម្លាប់ ៣ ឲ្យបានជាប់លាប់ នោះគឺការទទួលទានអាហារពេលព្រឹក ការផឹកទឹកឲ្យបានគ្រប់គ្រាន់ ការព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ហើយត្រូវដាក់កំហិតលើការទទួលទានសុរា និងជក់បារី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក