ក្នុងសង្គមបច្ចុប្បន្ន នៅពេលមានហេតុការណ៍អ្វីមួយកើតឡើងមិនថាតូចមិនថាធំឡើយគឺតែងតែមានអ្នកសារពត៌មានតែងចុះទៅផ្តិតយកព្រឹត្តិការណ៍មកផ្សព្វផ្សាយ។
យ៉ាងណាមិញ សម្រាប់ប្រជាពលរដ្ឋឯណោះវិញ បើទោះជាពេលមានហេតុការណ៍ទាំងនោះកើតឡើងមកក្តីគឺពួកគាត់រមែងលើទូរស័ព្ទមកថតផ្តិតយកសកម្មភាពដោយមិនអើពើជួយជនរងគ្រោះឬអ្វីផ្សេងទៀតតាមលទ្ធភាពដែលខ្លួនធ្វើបានឡើយ។
ក្នុងឪកាសនេះផងដែរ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចែករំលែកនូវគំនិតរបស់ខ្លួនទាក់ទងនឹងវិធីជួយគ្នា ជាជាងថតបង្ហោះហ្វេសប៊ុកនេះផងដែរ ដោយលោកបានសរសេរក្នុងហ្វេសប៊ុកផេករបស់គាត់ដែលមានឈ្មោះថា MJQ University Press ដោយលោកសរសេរថា៖
"ខ្ញុំមើលឃើញថាសម័យហ្វេសប៊ុកនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់លែងចេះជួយគ្នាទៅហើយ ហើយការមិនចេះជួយគ្នានេះ ស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយដែរ។
ជាក់ស្ដែងនៅពេលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចោរឆក់កាបូប ការឈ្លោះវាយតប់គ្នា ឬកើតមានអំពើហិង្សាក្នុងគ្រួសារ ឬក៏មានហេតុការណ៍អ្វីមួយកើតឡើង ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនបានចូលទៅជួយអន្តរាគមន៍ ជួយហៅឡានពេទ្យ ឬឃាត់នោះទេ តែបែរជានាំគ្នាទាញទូរសព្ទមកថតទៅវិញ។
ខ្ញុំយល់ថាកាយវិការនេះមិនល្អនោះទេ យើងគួរចេះជួយគ្នាជាជាងថតបង្ហោះហ្វេសប៊ុកដើម្បីរក Like រក Share ព្រោះសកម្មភាពបែបនេះ មិនត្រឹមតែជារូបភាពមិនល្អក្នុងសង្គមនោះទេ ថែមទាំងអាចបណ្ដាលឱ្យជនរងគ្រោះមានបញ្ហាដល់អាយុជីវិតទៀតផង។
ឧទាហរណ៍ នៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងយើងមិនហៅឡានពេទ្យដើម្បីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ បែរជានាំគ្នាចោមរោមណែនណាន់តាន់តាប់ថតរូបបង្ហោះហ្វេសប៊ុក នោះនឹងធ្វើឱ្យជនរងគ្រោះមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ឬអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតទៀតផង ព្រោះបើយើងចោមរោមគាត់ច្រើនពេកនឹងធ្វើឱ្យគាត់ពិបាកដកដង្ហើម ថប់ខ្យល់ ឬធ្វើឱ្យស្ទះចរាចរណ៍ជាដើម ជាហេតុធ្វើឱ្យឡានពេទ្យមកដឹកគាត់ទៅសង្គ្រោះមិនទាន់ពេលវេលាក៏ថាបានដែរ។
ករណីខ្លះទៀត នៅពេលមានករណីចោរឆក់កាបូប ឬឆក់ខ្សែក ធ្វើឱ្យជនរងគ្រោះដួលបែកមុខបែកមាត់ យើងមិនមិនត្រឹមតែមិនជួយជនរងគ្រោះ ឬតាមចាប់ចោរឆក់នោះទេ តែថែមទាំងនាំគ្នាប្រជ្រៀតគ្នាចូលដើម្បីបានថតរូបបង្ហោះពេញហ្វេសប៊ុក។ យើងគួរយល់ថា ការធ្វើបែបនេះ គឺជារឿងអសីលធម៌ខ្លាំងណាស់ ហើយបញ្ជាក់ថាយើងជាមនុស្សគ្មានមេត្តាធម៌ក្នុងខ្លួនទៀតផង។
យើងគួរគិតថាថ្ងៃនេះគ្រោះថ្នាក់ឬចោរឆក់ប៉ះចំសាច់ញាតិអ្នកដទៃ បងប្អូនកូនចៅអ្នកដទៃ ចុះបើថ្ងៃក្រោយហេតុការណ៍ទាំងនេះប៉ះចំខ្លួនយើង ប៉ះចំគ្រួសារយើង ឬប៉ះចំសាច់ញាតិរបស់យើង តើយើងឈឺចាប់ខ្លោចផ្សាទេ? តើយើងមានអារម្មណ៍បែបណា? ពេលនោះយើងប្រាកដជាឈឺចាប់ខ្លាំងមិនខាន ហើយប្រាកដជាមានវិប្បដិសារី និងយល់ពីអាម្មណ៍មួយនេះមិនខានឡើយ។
មួយវិញទៀត មួយរយៈនេះមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមនុស្សម្នាក្នុងពិភពលោកមានការព្រួយបារម្ភជាខ្លាំង។ នៅក្នុងវីដេអូចែកចាយតៗគ្នាដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខ្ញុំឃើញបុរសជនជាតិខ្មែរម្នាក់ដេកប្រកាច់នៅលើដងផ្លូវ ដោយគ្មាននរណាម្នាក់អើពើឬចូលទៅជួយសោះ ក្រៅពីឈរថតពីចម្ងាយបង្ហោះហ្វេសប៊ុក។
កាលៈទេសៈនេះ ការណ៍ដែលចេះប្រយ័ត្នខ្លួនគឺត្រឹមត្រូវហើយ ប៉ុន្តែយើងមិនគួរឈរថតសកម្មភាពជនរងគ្រោះប្រកាច់យកបង្ហោះហ្វេសប៊ុកដូច្នោះទេ។
បើមិនហ៊ានជួយគាត់ដោយផ្ទាល់ យើងគួរតែទូរសព្ទហៅឡានពេទ្យមកទទួលគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជួនកាលគាត់អត់កើតជំងឺកូវីដ-១៩ទេ គាត់អាចមានជំងឺឆ្កួតជ្រូក ឬខ្យល់គ បើយើងអត់ជួយគាត់ គាត់អាចនឹងស្លាប់។ ហេតុនេះ យើងគួរពិចារណាចំណុចហ្នឹងឡើងវិញ។
ដូច្នេះយើងត្រូវចេះជួយគ្នា ពិសេសមនុស្សដែលកំពុងដួល មនុស្សដែលត្រូវគេធ្វើបាប មនុស្សដែលគេកំពុងស្អប់ មនុស្សដែលត្រូវគេជិះជាន់ ព្រោះអ្នកទាំងនោះកំពុងឯកោ កំពុងភ័យខ្លាច និងកំពុងត្រូវការគេជួយអន្ដរាគមន៍ពីសង្គមជុំវិញ។
ម្យ៉ាងយើងត្រូវលុបបំបាត់សកម្មភាពអសីលធម៌មួយចំនួន ដូចជាការឃើញគេជួបគ្រោះថ្នាក់ចរាចរណ៍ ចោរឆក់ ឬមានហិង្សាក្នុងគ្រួសារជាដើម យកទូរសព្ទថតបង្ហោះហ្វេសប៊ុក ផ្ទុយទៅវិញយើងត្រូវចូលរួមចំណែកជួយសង្រោះជនរងគ្រោះទាំងនោះតាមដែលអាចធ្វើទៅបាន៕"
ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ស្វែងយល់និងជួយតាមលទ្ធភាពដែលខ្លួនធ្វើបានអំឡុងមានហេតុការណ៍អ្វីកើតឡើង៕