នៅពេលដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬក៏កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រនោះ និស្សិតគ្រប់រូបតែងស្រវ៉ារកការងារធ្វើដើម្បីរកកម្រៃយកមកបង់ថ្លៃសិក្សា ចិញ្ចឹមក្រពះរបស់ខ្លួន និងបង់ថ្លៃការរស់នៅប្រចាំថ្ងៃ។
មិនត្រឹមតែនិស្សិតទើបបញ្ចប់ការសិក្សា ឬក៏កំពុងតែសិក្សានោះទេ សូម្បីតែមនុស្សគ្រប់ៗរូបតែងស្វះស្វែងរកការងារធ្វើដើម្បីរកប្រាក់ខែនិងអភិវឌ្ឍន៍ខ្លួនបន្តទៅមុខទៀត ដោយអ្នកខ្លះទៀតប្តូរការងារជាច្រើនកន្លែងដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ។
ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺកើតឡើងនៅអំឡុងពេលសម្ភាស ដែលបុគ្គលមួយចំនួនធំសម្ភាសសុំការងារមិនជាប់ទោះបីជាដាក់ច្រើនកន្លែងក៏ដោយ។
ដោយសារបញ្ហាមួយនេះទើបឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរលើគេហទំព័រហ្វេសប៊ុក MJQ University Press ដោយចែករំលែកនូវចំណុចសំខាន់ៗដើម្បីសម្ភាសឲជាប់។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរថា៖
“#ធ្វើម៉េចឆាប់ជាប់សម្ភាស?
តើអ្នកគ្រប់គ្នាដឹងទេ ថាហេតុអ្វីអ្នកខ្លះសម្ភាសសុំការងារធ្វើលើក ទី១ ត្រូវបានគេជ្រើសរើសយកធ្វើការ? ហើយហេតុអ្វីបានជាអ្នកខ្លះទៀតសម្ភាសសុំការងារគេធ្វើពីរបីកន្លែងតែពុំជាប់សម្ភាស? នៅទីនេះខ្ញុំសូមចែករំលែកគន្លឹះមួយចំនួនជួយឱ្យយើងងាយជាប់សម្ភាស។
មែនទែនទៅ ក្រៅតែពីសមត្ថភាព ចំណេះដឹង បទពិសោធ និងសន្លឹកសញ្ញាបត្រ ដើម្បីជាប់សម្ភាសនៅក្នុងក្រុមហ៊ុនណាមួយ គឺទាមទារឱ្យយើងមានចំណុចជាច្រើនទៀតដូចជា៖
ទី១ ការស្លៀកពាក់ និងរៀបចំខ្លួនប្រាណ៖ ចំណុចដំបូងបង្អស់នេះ គឺពេលទៅសម្ភាសការងារយើងត្រូវតែស្លៀកពាក់ឱ្យបានសមរម្យ ពោលត្រូវស្លៀកពាក់ខោអាវសាច់ក្រណាត់ ពណ៌មិនឆើតឆាយពេក តឺនុយឱ្យបានសមសួន ហើយត្រូវពាក់ស្បែកជើងប៊ូ។ រីឯសក់ក្បាលវិញ យើងត្រូវកាត់ម៉ូតឡុងសុង ឬម៉ូតណាដែលសក្តិសមនឹងកន្លែងការងារដែលយើងស្នើសុំបំពេញការងារនោះ ពោលបើនៅការិយាល័យ យើងត្រូវកាត់ម៉ូតសក់ខ្លីសមល្មម ឱ្យសមជាបុគ្គលិកក្រុមហ៊ុន ហើយសិតឱ្យមានរបៀបរៀបរយ។ ចំណែកក្រចកដៃ ពុកមាត់ ពុកចង្កា រោមច្រមុះ ត្រូវកាត់កោរឱ្យបានស្អាតបាត។ លើសពីនេះ អ្វីដែលត្រូវប្រយ័ត្នប្រយែងបំផុតនោះ គឺក្លិនខ្លួន និងក្លិនមាត់។ អ្នកដឹងទេ ក្លិនមិនល្អអាចបង្កឱ្យយើងបាត់បង់ឱកាសការងារក៏ថាបាន ពិសេសបើការងារដែលអ្នកស្នើសុំនោះ នៅក្រុមហ៊ុនដែលមានស្តង់ដារ។
ទី២ ការគោរពម៉ោងពេល៖ មនុស្សខ្មែរមួយចំនួនពុំសូវឱ្យតម្លៃទៅលើការគោរពម៉ោងពេលទេ ពោលបើគេណាត់ជួបម៉ោង៧ព្រឹក ទាល់តែម៉ោង៧:១៥នាទី ឬម៉ោង៧កន្លះព្រឹកបានគាត់ទៅដល់កន្លែងណាត់ជួបនោះ។ ទម្លាប់មិនល្អនេះ វាជាប្រភពធ្វើឱ្យយើងបរាជ័យគ្រប់យ៉ាង រាប់ទាំងទំនាក់ទំនងបុគ្គលភាព ទំនាក់ទំនងការងារ ទំនាក់ទំនងអាជីវកម្ម រួមទាំងការសម្ភាសសុំការងារធ្វើជាដើម។ ដូច្នេះ ប្រសិនបើអ្នកមានណាត់សម្ភាសសុំការងារធ្វើ អ្នកត្រូវតែទៅឱ្យដល់កន្លែងណាត់ជួបសម្ភាសនោះ យ៉ាងហោចណាស់ឱ្យបាន១៥នាទីមុន ដើម្បីរៀបចំខ្លួនប្រាណ និងត្រៀមលក្ខណៈសម្ភាសឱ្យបានល្អ។ បើអ្នកទៅដល់ក្រោយម៉ោងសម្ភាស ឬយឺតយ៉ាវ នោះអ្នកសម្ភាសអ្នកនឹងវាយតម្លៃថាអ្នកជាមនុស្សគ្មានទំនួលខុសត្រូវ មិនឱ្យតម្លៃទៅលើពេលវេលា ហើយអ្នកខ្លួនឯងក៏ពុំបានត្រៀមខ្លួនក្នុងការសម្ភាសដែរ ដូច្នេះវាអាចធ្វើឱ្យអ្នកមានឱកាសជាប់សម្ភាសតិចភាគរយណាស់។
ទី៣ ការធ្វើគារវកិច្ច៖ ប្រពៃណីខ្មែរដ៏ផូរផង់គួរឱ្យស្ញប់ស្ញែង នៅពេលជួបគ្នាគឺលើកដៃសំពះជម្រាបសួរ និងសួរសុខទុក្ខ។ ដូច្នេះនៅពេលដើរចូលទៅដល់កន្លែងសម្ភាស យើងត្រូវតែលើកដៃសំពះជម្រាបសួរអ្នករង់ចាំសម្ភាសយើង អមដោយទឹកមុខស្រស់ប្រិមប្រិយ និងរួសរាយរាក់ទាក់។ ហើយបើអាច ក្រោយពេលសំពះហើយយើងត្រូវចាប់ដៃគេ។ ការចាប់ដៃនេះសោត យើងត្រូវតែចាប់ឱ្យស៊ប់ ច្របាច់ឱ្យណែន រលាក់ឱ្យឮ។ បើធ្វើបែបនេះបាន គ្រាន់តែគេចាប់ដៃជាមួយយើងហើយ គេចង់បានយើងធ្វើការឱ្យក្រុមហ៊ុនគេបាត់ទៅហើយ ព្រោះគេគិតថា យើងជាមនុស្សរឹងមាំ ម្ចាស់ការ មានទំនួលខុសត្រូវខ្ពស់ និងអាចទុកចិត្តបាន។
ទី៤ ការឆ្លើយសំណួរអ្នកសម្ភាស៖ ពេលគេសួរសំណួរមកយើង យើងត្រូវតែឆ្លើយទៅគេវិញឱ្យពេញឃ្លាប្រយោគ កុំឆ្លើយកំបុតៗឱ្យសោះ។ ឧទាហរណ៍គេសួរយើងថា “តើប្អូនឈ្មោះអ្វី?” យើងត្រូវឆ្លើយថា “បាទលោកពូ! ខ្ញុំឈ្មោះ សៅ ចរិយា។” ឬ “ចាស៎លោកពូ! ខ្ញុំឈ្មោះ សេង ពិសី។” ដាច់ខាតកុំឆ្លើយកំបុតៗ ឬមិនពេញឃ្លាប្រយោគឱ្យសោះ។ តួយ៉ាងគេសួរយើងថា “តើប្អូនឈ្មោះអ្វី?” យើងឆ្លើយទៅគេថា “ដារ៉ា!” គេសួរយើងទៀតថា “តើនរណាជាដារ៉ា?” យើងឆ្លើយទៀតថា “គឺខ្ញុំ” បើឆ្លើយបែបនេះ គេមិនយកយើងធ្វើការឱ្យគេទេ ព្រោះគេគិតថាយើងជាមនុស្សឈ្លើយ ខ្លាចយកមកយើងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនគេ។ បើសិនយកយើងមកធ្វើការឱ្យគេ ចៃដន្យអតិថិជនគេទូរសព្ទមកចង់សួរអំពីសេវាកម្មអ្វីមួយ ស្រាប់តែយើងលើកទូរសព្ទនិយាយជាមួយគេ “អាឡូ! នរណាគេ? មានការអី? រកនរណាដែរ?” គឺច្បាស់ជាចោលលុយហើយ ច្បាស់ជាអតិថិជនខឹងដាច់ក្បាលដាច់កន្ទុយមិនខានទេ។ យើងត្រូវនិយាយថា “ជម្រាបសួរ! ខ្ញុំ លីម នីតា កំពុងនិយាយ។ តើលោកពូ/អ្នកមីងមានអ្វីអាចឱ្យខ្ញុំជួយបានទេ? អរគុណលោកពូ/អ្នកមីងដែលប្រើប្រាស់សេវាកម្មពួកយើង...” បើយើងនិយាយតែប៉ុណ្ណឹង ទោះបីអតិថិជនខឹងយើងប៉ុនណាក៏ពួកគាត់ត្រជាក់ចិត្តដែរ ហើយថ្ងៃក្រោយពួកគាត់ណែនាំសាច់ញាតិ ឬមិត្តភក្តិមកប្រើប្រាស់សេវាកម្មយើងទៀតក៏មាន។
ទី៥ កុំនិយាយវាយប្រហារកន្លែងការងារចាស់៖ នៅពេលអ្នកសម្ភាសសួរសំណួរយើងថា “ហេតុអ្វីបានជាអ្នកឈប់ពីកន្លែងការងារចាស់?” សំណួរនេះ បើទោះបីយើងមិនពេញចិត្ត ឬស្អប់កន្លែងការងារចាស់ក៏ដោយ យើងមិនត្រូវឆ្លើយវាយប្រហារកន្លែងការងារចាស់ទេ ព្រោះបើយើងឆ្លើយវាយប្រហារកន្លែងការងារចាស់ នោះគេនឹងគិតថា បើយកយើងបម្រើការឱ្យគេ ថ្ងៃក្រោយយើងអាក់អន់ចិត្តនឹងគេ យើងនឹងនិយាយអាក្រក់ពីគេ ដូចដែលយើងនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ដូច្នោះដែរ។ ដូច្នេះយើងត្រូវនិយាយលើកសរសេរកន្លែងការងារចាស់របស់យើង “កន្លែងការងារចាស់របស់ខ្ញុំល្អខ្លាំងណាស់ យកចិត្តទុកដាក់អំពីសុខទុក្ខបុគ្គលិកខ្លាំងណាស់។ ខ្ញុំមិនចង់លាឈប់ពីទីនោះទេ តែដោយសារខ្ញុំធ្វើការនៅទីនោះយូរដែរហើយ ទទួលបានបទពិសោធនិងចំណេះដឹងច្រើនណាស់ដែរហើយ ដូច្នេះខ្ញុំចង់យកចំណេះដឹងនិងបទពិសោធទាំងនោះ មកចូលរួមអភិវឌ្ឍក្រុមហ៊ុនលោកពូ/អ្នកមីងម្ដង ម្យ៉ាងខ្ញុំក៏ចង់រៀននិងទទួលបទពិសោធថ្មីៗពីក្រុមហ៊ុនលោកពូ/អ្នកមីងផងដែរ។” គ្រាន់តែឮយើងនិយាយសរសើរកន្លែងការងារចាស់បែបនេះ គេឱ្យយើងជាប់សម្ភាសបាត់ទៅហើយ ព្រោះគេគិតថាយើងជាមនុស្សស្រឡាញ់ការងារ មានគំនិតចង់ចូលរួមអភិវឌ្ឍក្រុមហ៊ុនគេ និងជាមនុស្សមិនចូលចិត្តនិយាយអាក្រក់ពីក្រោយខ្នង។
ទី៦ ឆ្លើយសំណួរប្រកបដោយភាពស្វាហាប់ និងសម្លឹងឱ្យចំកែវភ្នែកអ្នកសម្ភាស៖ នៅពេលអ្នកសម្ភាសសួរយើង យើងត្រូវឆ្លើយទៅគេដោយភាពស្វាហាប់ និងសម្លឹងឱ្យចំកែវភ្នែកអ្នកសម្ភាស ដើម្បីបញ្ជាក់ប្រាប់គេថា យើងជាមនុស្សម៉ឺងម៉ាត់ ហ្មត់ចត់ ក្លាហាន និងមានការយកចិត្តទុកដាក់ខ្ពស់។ ម្យ៉ាងការនិយាយទៅកាន់នរណាម្នាក់ដោយភាពស្វាហាប់ រួមទាំងសម្លឹងចំកែវភ្នែកគេ គឺធ្វើឱ្យគេមានភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់មកលើយើង។
ទី៧ ការចរចាប្រាក់ខែ៖ ខ្ញុំធ្លាប់សម្ភាសបុគ្គលមួយចំនួន នៅពេលខ្ញុំសួរគាត់ថា “តើក្មួយចង់បានប្រាក់ខែប៉ុន្មាន?” គាត់ឆ្លើយថា “ប៉ុន្មានក៏បានដែរ” ខ្ញុំសួរគាត់បញ្ជាក់ទៀតថា “តើក្មួយចង់បានប៉ុន្មាន?” គាត់នៅតែឆ្លើយថា “ស្រេចតែលោកពូ! លោកពូឱ្យខ្ញុំប៉ុន្មានក៏បានដែរ។” គ្រាន់តែឮគាត់ឆ្លើយដដែលៗបែបនេះ ខ្ញុំលែងចង់បានគាត់មកធ្វើការនៅក្រុមហ៊ុនខ្ញុំបាត់ទៅហើយ ព្រោះគាត់ជាមនុស្សគ្មានម្ចាស់ការ គ្មានឯករាជ្យភាព។ កុំឆ្លើយអ៊ីចឹងអី! យើងត្រូវក្លាហាន ត្រូវតែហ៊ានចរចាសុំប្រាក់ខែគេឱ្យខ្ពស់បន្តិចទៅ កុំស្រេចលើគេផ្ដល់ឱ្យ ដល់ពេលបានប្រាក់ខែតិចតាំងមកអង្គុយអន់ចិត្ត តូចចិត្តតូចថ្លើមនោះ។ ដូច្នេះបើគេសួរថា “តើចង់បានប្រាក់ខែប៉ុន្មានដែរក្មួយ?” យើងត្រូវឆ្លើយថា “កាលនៅកន្លែងការងារចាស់ ខ្ញុំបានប្រាក់ខែត្រឹមតែ៥០០ដុល្លារទេ តែមកទីនេះបើលោកពូមានចិត្តសន្ដោសឱ្យខ្ញុំ៦០០ដុល្លារ ឬ៦៥០ដុល្លារ ខ្ញុំសូមអរគុណលោកពូច្រើន។ ព្រោះរាល់ថ្ងៃខ្ញុំមានបន្ទុកច្រើន ពោលគឺខ្ញុំត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារផង ត្រូវរ៉ាប់រងលើការបង់ថ្លៃសិក្សាប្អូនផង និងត្រូវចំណាយលើថ្លៃព្យាបាលម្ដាយឈឺផង។” បើយើងចេះនិយាយបែបហ្នឹង គេកម្រថាមិនឱ្យប្រាក់ខែតាមការចរចារបស់យើងណាស់។
ទី៨ ចំណាប់អារម្មណ៍ក្រោយពេលសម្ភាសចប់៖ ក្រោយពេលសម្ភាសចប់យើងត្រូវតែសំពះអរគុណអ្នកសម្ភាសយើង ដោយនិយាយថា “ក្មួយសូមអរគុណលោកពូ/អ្នកមីង ដែលបានចំណាយពេលដ៏មានតម្លៃសម្ភាសខ្ញុំ។ ទោះបីជាប់ឬធ្លាក់ក៏ដោយ ក៏ខ្ញុំនៅតែទន្ទឹងរង់ចាំដំណឹងពីលោកពូ/អ្នកមីងយ៉ាងអន្ទះសា។ ប៉ុន្តែខ្ញុំសង្ឃឹមថា លោកពូ/អ្នកមីងនឹងផ្ដល់ឱកាសឱ្យខ្ញុំបានបម្រើការនៅក្នុងក្រុមហ៊ុនលោកពូ/អ្នកមីង...”៕
#MJQUP”
យោងតាមចំណុចសំខាន់ៗខាងលើដែលឧកញ៉ាវេជ្ជបណ្ឌិត បានសរសេរនោះគឺអាចដាស់តឿនមនុស្សគ្រប់រូបសិក្សាតាមបានដែលវាអាចជាគ្រឹះសម្រាប់អ្នកចង់សម្ភាសការងារឲទទួលបានជោគជ័យផងដែរ៕