Abu Tahsin al-Salhi អាយុ៦៣ឆ្នាំ ចាប់ផ្ដើមប្រឡូកក្នុងសមរភូមិដំបូងបំផុតក្នុងសង្គ្រាម Yom Kippur War (១៩៦៧-១៩៧៣?) ក្នុងតំបន់ Golan Heights ហើយពេលគាត់ចូលធ្វើសង្គ្រាមសម័យបច្ចុប្បន្ននេះ លោកតាបានប្រាប់ថាបានផ្ដាច់ជីវិតក្រុមទាហានឧទ្ទាម ISIS ចំនួន៣២០នាក់។
នៅក្នុងខ្សែវីដេអូមួយ ដែលថតដោយក្រុមសកម្មប្រយុទ្ធរបស់គាត់ លោកតាបាននិយាយថា គាត់ស្ម័គ្រចិត្តចូលសមរភូមិម្ដងទៀត ដោយចូលក្នុងក្រុមកងកម្លាំងប្រជានជាជនអ៊ីរ៉ាក់ (Popular Mobilization Forces,)ដែលប្រយុទ្ធកៀកស្មាគ្នា ជាមួយកងទាហានរដ្ឋាភិបាលប្រឆាំងជាមួយក្រុមឧទ្ទាម ISIS។ បរុសអាយុ៦៣ឆ្នាំរូបនេះចេះជំនាញលបបាញ់(Sniper)នេះតាំងពីក្មេងនៅប្រទេសរុស្សី ហើយចូលធ្វើសង្គ្រាមជាអ្នកបាញ់ស្នែបឆ្នាំ ១៩៧៣ បើគិតទៅជាង៤០ឆ្នាំទៅហើយ នៅពេលដែលគាត់ធ្វើជាទាហានកងពលអ៊ីរ៉ាក់ដែលកាលនោះ អ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយនឹងអ៊ីស្រាអែល ក្នុងតំបន់កាន់កាប់ Golan Heights របស់ប្រទេសស៊ីរី។
កាលនោះលោកបាននិយាយថា កងទ័ពអ៊ីរ៉ាក់ដែលរួមដៃជាមួយស៊ីរីបានវាយបណ្ដេញកងទ័ពអ៊ីស្រ្តាអែលត្រឹមតែ២ ៣ថ្ងៃ ក្នុងសង្គ្រាម Yom Kippur War ដែលកាលនោះក្រុមរបស់លោកបានព្យាយាមទប់ទល់ពីការវាយបកពីកងទ័ពអ៊ីស្រ្តាអែល ដែលចូលដល់ទឹកដីប្រទេសស៊ីរី។ លោកតាបានប្រាប់ទៀតថា ចាប់ពេលនោះមកលោកតាចូលធ្វើសង្គ្រាមជាច្រើនលើក ជាច្រើនសមរភូមិដូចជា ឆាកប្រយុទ្ធក្នុងប្រទេសលីបង់ ដោយលោកមិនបានបញ្ជាក់អំពីចំនួនទាហានដែលលោកចូលរួមឡើយ។
គាត់ក៏ធ្លាប់បានធ្វើសង្គ្រាមនៅចុងទសវត្សឆ្នាំ ១៩៨០-១៩៨៨ ក្នុងកងទាហានរបស់មេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន ប្រឆាំងនឹងអ៊ីរ៉ង់។ ចូលប្រយុទ្ធជាមួយកងទ័ពអ៊ីរ៉ាក់ពេលដែលគុយវែតចូលឈ្លានពាននៅឆ្នាំ ១៩៩០ ។ ក្រោយមកលោកប្រយុទ្ធជាមួយនឹងកងទ័ពអាមេរិក ដែលបានផ្តួលរំលំសាដាមនៅឆ្នាំ ២០០៣ មុនពេលងាកទៅផ្ដួលរលំក្រុមឧទ្ទាម ISIS នាពេលបច្ចុប្បន្ន។
ពេលចូលធ្វើសង្គ្រាមភាគច្រើន លោកតាជិះម៉ូតូធំ ពាក់អាវប្រពៃណីអារ៉ាប់ ស្បៃគ្របក្បាលពណ៌អុចហើយលោកតាស្រឡាញ់កាំភ្លើងរបស់គាត់ណាស់ហើយមិនដែលដាក់ឆ្ងាយពីខ្លួននោះទេ ។ គាត់កាន់កាំភ្លើហម៉ាក Steyr HS .50 ផលិតនៅប្រទេសអូទ្រីស។
លោកនិយាយអំពីការផ្ដាច់ជីវិតក្រុមឧទ្ទាម ISIS ថា៖"ថ្ងៃនេះខ្ញុំសម្លាប់ទាហាន ISIS ២នាក់។ក្នុងមួយថ្ងៃតិចបំផុតខ្ញុំសម្រេចគោលដៅបាន៤នាក់។ ក្នុងឆាកប្រយុទ្ធមួយជាមួយ ISIS កាលពីឆ្នាំ២០១៥ខ្ញុំបានផ្ដាច់ជីវិតពួកគេ១៧៣នាក់ហើយគិតមកដល់ពេលនេះបាន៣២០នាក់ហើយ"។
កងទាហានប៉ារ៉ារបស់កងទ័ពអ៊ីរាក់ម្នាក់បានប្រាប់ថា លោក ទាហានជើងចាស់អ៊ីរាក់ម្នាក់នេះ ត្រូវបានគេស្គាល់ថា “the sheikh of snipers” ប៉ុន្តគាត់ត្រូវបានគេសម្លាប់កាលពីថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៧ អំឡុងឆាកប្រយុទ្ធមួយក្នុងសមរភូមិមួយ ដើម្បីដណ្តើមយកទីក្រុង Hawija ពីក្រុមរដ្ឋអ៊ីស្លាម ISIS។ លោក Ahmad al-Assadi អ្នកនាំពាក្យរបស់កងទ័ពសម្ព័ន្ធមិត្ត Hashed al-Shaabi ដែលជាកងទ័ពមួយសហការជាមួយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថាលោកតា Abu ត្រូវបានគេសម្លាប់នៅពេលគាត់បានឡើងសម្រុកចូលក្រុង Hawija នៅភាគពាយព្យនៃប្រទេសអ៊ីរ៉ាក់។
ក្នុងពិធីបុណ្យសពរបស់លោកតានៅជិតកំពង់ផែមួយនៅភាគខាងត្បូងនៃទីក្រុង Basra មិត្តភក្តិជិតស្និទ្ធលោកតា ឈ្មោះ Ahmad Ali Hussein បានដាក់រហ័សនាមលោកតាថា “the sheikh of snipers” or “hawk eye.” ៕
រក្សាសិទ្ធដោយ៖ ក្នុងស្រុក