មនុស្សជោគជ័យភាគច្រើនក្រោកពីគេងឆាប់រហ័យណាស់។ CEO ក្រុមហ៊ុន Apple លោក Tim Cook ក្រោកពីគេងរៀងរាល់ថ្ងៃនៅម៉ោង៣និង៤៥នាទីព្រឹក។ ហើយអ្នកស្រី Sallie Krawcheck ជា CEO និងសហស្ថាបនិកក្រុមហ៊ុន Ellevest ក៏ក្រោកពីគេងនៅម៉ោង៤ព្រឹកផងដែរ ពីព្រោះវាជាពេលវេលាដ៏ល្អសម្រាប់បង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
អ្នកជោគជ័យមួយចំនួនក៏ក្រោកពីគេងនៅម៉ោង៤ព្រឹកផងដែរ ដូចជាអ្នកស្រី Indra Nooyi ជានាយកប្រតិបត្តិក្រុមហ៊ុន Pepsi លោក Sergio Marchionne ជា CEO ក្រុមហ៊ុន Chrysler និងភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Michelle Obama ។
ចិត្តវិទូលោក Josh Davis បាននិយាយថា៖ នៅពេលអ្នកនៅក្នុងពេលវេលាមួយដែលស្ងាត់ ហើយមិនមានមនុស្សមករំខានពេលវេលាអ្នក នោះអ្នកនឹងកាន់តែមានប្រសិទ្ធភាពក្នុងការបំពេញការងារសំខាន់ៗបានជោគជ័យ។
ការក្រោកពីគេងមុនព្រះអាទិត្យរះ អ្នកអាចកាត់បន្ថយនូវការរំខានផ្សេងៗដូចជាការផ្ញើសារ អ៊ីម៉ែល និងបណ្តាញសង្គមផ្សេងៗ។ លោក Davis និយាយថា៖ គ្មាននរណាម្នាក់ចង់ឲ្យអ្នកឆ្លើយអ៊ីម៉ែល ឬឆ្លើយទូរស័ព្ទនៅម៉ោង ៤ព្រឹកនោះទេ។ ហើយក៏គ្មាននរណាម្នាក់បង្ហោះសារនៅលើ Facebook ដែរ។ ដូច្នេះ អ្នកមិនមានការរំខានច្រើននោះឡើយ។
ការដែលបានបំពេញការងារសំខាន់រួចរាល់ពីព្រឹកព្រលឹម នឹងជួយអ្នកក្នុងការគ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនបាន។ អ្នកនិពន្ធម្នាក់ លោក Thomas C. Corley ដែលសិក្សាពីអ្នកមានទ្រព្យសម្បិត្តច្រើនក្នុងរយះពេល ៥ឆ្នាំ បានរកឃើញថាពួកគេភាគច្រើនក្រោកពីគេងយ៉ាងហោចណាស់៣ម៉ោងមុនម៉ោងធ្វើការ ហើយគាត់ក៏បាននិយាយថា៖ ការក្រោកពីព្រឹកព្រលឹមនឹងជួយឲ្យអ្នកមានទំនុកចិត្តក្នុងការដឹកនំាជីវិតរបស់ខ្លួន។
លោក Corley បានផ្តល់យោបល់ថា៖ ប្រសិនបើអ្នកមិនទម្លាប់ក្រោកពីព្រឹកព្រលឹម អ្នកគួរតែរកនរណាម្នាក់ដែលប្តេជ្ញានិងចង់ចូលរួមក្រោកពីព្រឹកព្រលឹមដូចនាក់ដែរ។
ប្រភព៖ Sobenmagazine