សាច់អាំងកូរ៉េគឺជាម្ហូបអាហារមួយប្រភេទដែលគេនិយមធ្វើនៅពេលមានការជួបជុំគ្នាជាលក្ខណៈគ្រួសារ និង មិត្តភក្តិជាដើម។ ព្រោះវាមានលក្ខណៈសាមញ្ញ ងាយស្រួលរៀបចំធ្វើ ព្រមទាំងទាំងបង្កើនបរិយាកាសសប្បាយរីករាយ និង ភាពស្អិតរមួតថែមទៀតផង។
ជាទូទៅគេអាចញុំាសាច់អាំងកូរ៉េនៅតាមភោជនីយដ្ធាន ឬ អាចធ្វើញុំានៅផ្ទះដោយខ្លួនឯងក៏បាន។ ហើយសាច់អាំងកូរ៉េគឺមិនមានភាពសាំញុំាច្រើនទេ ដោយគ្រាន់តែត្រូវការចង្ក្រាន ខ្ទះសំប៉ែត និង គ្រឿងផ្សំដែលរួមមានសាច់គោប្រលាក់ សាច់ជ្រូកប្រលាក់ បន្លែ គីមឈី និង ឈីសជាដើម។ ហើយអ្វីដែលពិសេសនោះគឺការចម្អិនរៀងខ្លួន ដោយគ្មានចុងភៅដែលធ្វើឲ្យញុំាស្រេចៗនោះទេ។
នាពេលថ្មីៗនេះ ម្ហូបកូរ៉េចាប់ផ្តើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារការបង្ហាញតាមរយៈរឿងភាគ និង បទចម្រៀងជាដើម។ ហើយ Bolgugi គឺជាសាច់គោអាំងមួយប្រភេទដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយនឹងសាច់អាំងកូរ៉េដែលយើងស្គាល់សព្វថ្ងៃនេះ។
គួរអោយដឹងដែរថា សាច់អាំងកូរ៉េមានដើមកំណើតដំបូងបង្អស់ពីកុលសម្ព័ន្ធ Maek តាំងពីសម័យកាល Goguryeo មកម្ល៉េះ ដោយស្ថិតក្រោមទម្រង់ជាសាច់គោចង្កាក់ៗមានឈ្មោះថា Maekjeok។ ហើយដោយមានការឆ្លងកាត់ពីសម័យកាលមួយទៅសម័យកាលមួយទៀត Maekjeok ក៏បានក្លាយជា Neobiani ដែលជាចំណិតសាច់គោហាន់ស្តើងៗ និង ត្រូវបានគេយកធ្វើជាតង្វាយរបស់ព្រះមហាក្សត្រ។
បន្ទាប់មក Neobiani ក៏បានវិវត្តិទៅជា Bulgogi ដែលជាអាហារប្រជាជនសាមញ្ញពេញនិយមបរិភោគ និង មានតម្រូវការខ្ពស់នៅកំឡុងឆ្នាំ១៩២០។ លុះក្រោយពេលឆ្លងកាត់សង្គ្រាមរយៈពេលច្រើនឆ្នាំមក ទ័ពអាមេរិកក៏បានបន្សល់ទុកនូវម៉ាស៊ីនហាន់សាច់ ដែលត្រូវបានប្រជាជនកូរ៉េបានប្រើប្រាស់ដើម្បីហាន់សាច់គោរបស់ខ្លួនឲ្យកាន់តែស្តើងជាងមុន។ ហើយគេជឿថាប្រសិនបើសាច់កាន់តែស្តើងនោះគេនឹងចំណាយពេលចម្អិនកាន់តែតិច។
ម្យ៉ាងទៀតសាច់អាំងកូរ៉េដែលយើងស្គាល់សព្វថ្ងៃនេះគឺកើតចេញពី Bulgogi នេះឯង និង ត្រូវបានជនជាតិកូរ៉េញុំាបន្ថែមជាមួយគីមឈី ក៏ដូចជាបន្លែស្រស់ផ្សេងៗដើម្បីធ្វើឲ្យវាកាន់តែមានឱជារសទ្វេរដង៕
ប្រភព ៖ បរទេស
ប្រែសម្រួល៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក