កុំចង់ក្លាយជាបុគ្គលជោគជ័យ តែត្រូវធ្វើជាមនុស្សដែលមានតម្លៃពិតប្រាកដ

Albert Einstein ៖ កុំប្រឹងប្រែទៅធ្វើជាមនុស្សជោគជ័យម្នាក់អី តែត្រូវប្រឹងប្រែងទៅធ្វើជាមនុស្សដែលមានតម្លៃម្នាក់។

មានកវីវ័យក្មេងពូកែម្នាក់ បាននិពន្ធកំណាព្យជាច្រើន តែគេបែរជាមិនសប្បាយសោះ ពីព្រោះ មនុស្សជាច្រើនសុទ្ធតែមិនចូលចិត្តអានកំណាព្យរបស់គេ។ ថ្ងៃមួយ កវីវ័យក្មេងម្នាក់នេះ គេបានទៅសុំយោបល់ពីឪពុករបស់មិត្តភ័ក្រ្តគេម្នាក់ដែលជាជាងនាឡិកា។

អ៊ំប្រុសម្នាក់នោះ ក្រោយពីស្តាប់ហើយ មិននិយាយអ្វីសូម្បីតែមួយម៉ាត់ គាត់បាននាំគេទៅក្នុងផ្ទះតូចមួយនៅក្បែរនោះ ក្នុងផ្ទះនោះបានដាក់តាំងនាឡិកាដែលល្បីឈ្មោះ និងមានតម្លៃគ្រប់បែបយ៉ាង ហើយកវីវ័យក្មេងមិនធ្លាប់ឃើញពីមុនមកទេ។ នាឡិកាខ្លះសម្បកក្រៅដូចជាសត្វបក្សីកំពុងហោះហើរ មានខ្លះទៀតអាចបញ្ចេញសំឡេង និងខ្លះទៀតមានសំឡេងតន្ត្រីពីរោះរណ្ដំ...។

Image_2022 01 07_105640

ជាងនាឡិកាបានយកប្រអប់តូចមួយ ចេញពីថតតុរបស់គាត់ ហើយបានដកយកនាឡិកាដែលមានសម្បកពណ៌មាស ដ៏ស្រស់ស្អាតមួយចេញមក វាមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ អ្វីដែលខុសពីគេនោះគឺ វាគ្មានទ្រនិចនាឡិកាឡើយ តែវាអាចបង្ហាញយ៉ាងច្បាស់ពីបាតុភូតផ្កាយ រលក និងសមុទ្រ នៅអាចបញ្ជាក់ពីខែថ្ងៃបានយ៉ាងត្រឹមត្រូវទៀតផង នេះពិតជា “នាឡិកាវេទមន្ត” មែន នៅក្នុងលោកនេះអាចទៅរកនៅឯណាបានទៅ។

កវីវ័យក្មេងកាន់ជាប់មិនព្រលែងសោះ គេចង់ទិញ “របស់មានតម្លៃ” នេះខ្លាំងណាស់ ក៏សួរថានាឡិកានេះថ្លៃប៉ុន្មាន អ៊ំប្រុសនោះបានញញឹមហើយនិយាយថា “យកនាឡិកាដែលឯងពាក់រាល់ថ្ងៃនេះ មកប្តូរនឹងនាឡិកាមួយនេះទៅបានហើយ។

ពេលដែលកវីវ័យក្មេងទទួលបាននាឡិកានេះហើយ ស្រលាញ់វាខ្លាំងណាស់ មិនថា ហូបបាយ ដើរទៅណា ឬគេងនោះទេ សុទ្ធតែពាក់វាគ្រប់ពេល។ ប៉ុន្តែមិនយូរប៉ុន្មាន គេក៏បានទៅកន្លែងជាងនាឡិកាសូមប្តូរយកនាឡិការចាស់របស់ខ្លួនត្រលប់មកវិញ អ៊ំប្រុសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សួរគេថា «ឯងនៅមានអ្វីដែលមិនពេញចិត្តចំពោះនាឡិកាដែលមានតម្លៃនេះទៀតឬ?»

កវីវ័យក្មេងនិយាយដោយការសោកស្តាយថា “វាមិនអាចបង្ហាញពេលវេលាបានទេ ព្រោះនាឡិកាប្រើសម្រាប់បង្ហាញអំពីពេលវេលា។ ខ្ញុំពាក់វាហើយមិនដឹងពីពេលវេលាផង ពាក់វាទៀតមានប្រយោជន៍អ្វីទៅ? មាននរណាមកសួរខ្ញុំអំពីដំណើរបាតុភូតផ្កាយ និងសំឡេងទឹកសមុទ្រទៅ? នាឡិកានេះពិតជាគ្មានប្រយោជន៍អ្វីចំពោះខ្ញុំឡើយ។”

Image_2022 01 07_105701

ជាងនាឡិកាបានញញឹម ហើយយកនាឡិកាទៅដាក់នៅលើតុម្ខាង ក៏យកកំណាព្យដែលអ្នកនិពន្ធវ័យក្មេងនោះបានចងក្រងឡើង រួចនិយាយដោយមានអត្ថន័យយ៉ាងជ្រៅថា “អ្នកកំលោះ ប្រឹងប្រែងធ្វើការងាររបស់យើងឱ្យបានល្អទៅ! អ្នកគប្បីចងចាំថា ធ្វើដូចម្តេចអាចផ្តល់ប្រយោជន៍ដល់មនុស្សទូទៅបាន។”

កវីវ័យក្មេងនោះភ្ញាក់ខ្លួនព្រើត បានយល់យ៉ាងច្បាស់អំពីពាក្យសម្ដីដ៏មានអត្ថន័យជ្រាលជ្រៅមួយនេះ។

ភាពអស្ចារ្យនៅក្នុងជីវិត មិនស្ថិតលើអ្នកបានធ្វើអ្វីនោះទេ តែស្ថិតលើអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលមានប្រយោជន៍ឬយ៉ាងណា ហើយមានមោទកភាពសម្រាប់ការស្ថិតនៅរបស់ខ្លួន។ លោក អាំងស្តាំង ធ្លាប់ប្រាប់យើងថា “កុំចង់សាកធ្វើជាមនុស្សដែលជោគជ័យម្នាក់ឱ្យសោះ តែត្រូវទៅប្រឹងប្រែងធ្វើជាមនុស្សដែលមានតម្លៃម្នាក់។” គាត់មិនត្រឹមតែបង្ហាញទិសដៅដើម្បីអភិវឌ្ឍជីវិតមួយដល់ពួកយើងទេ ហើយក៏បង្រៀនយើងអំពីរបៀបនៃការប្រឈមមុខចំពោះជីវិតដ៏ត្រឹមត្រូវមួយផងដែរ៕

អត្ថបទ ៖ Mythical Bird / Knongsrok